ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមប្រាក់លាននៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីនារសៀលថ្ងៃសៅរ៍ ទី៧ វិច្ឆិកា ចុងសប្ដាហ៍នេះ ត្រូវបានអ្នករៀបចំកម្មវិធីដាក់សុទ្ធតែអ្នកប្រដាល់ជើងខ្លាំងឱ្យជួបគ្នាចំនួន២គូ ។
ពីរគូរខ្លាំងៗខាងលើគឺកីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយកីឡាករ អេលីត សាន់ មកពីក្លិបប៉ែនកាក់គុនខ្មែរ និងកីឡាករ លន បញ្ញា មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយកីឡាករ យ៉េន ឌីណា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម។
យ៉ាងណាមិញរវាងឈុត សេរីវ៉ាន់ថង និងអេលីត សាន់គេសុទ្ធតែជាអ្នកប្រដាល់ជើងខ្លាំងមានឈ្មោះបោះសំឡេងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ពួកគេធ្លាប់ប៉ះគ្នាជាច្រើនលើកច្រើនសារួចមកហើយគឺមានចាញ់-ឈ្នះទៅវិញទៅមក។ទោះជាយ៉ាងណាលើកនេះ អ្នកគាំទ្រកីឡាប្រដាល់នៅតែចង់មើលការប្រកួតរបស់កីឡាករទាំងពីរដោយសារតែចង់ដឹងថា អ្នកណាមានសំណាងក្លាយជាម្ចាស់ប្រាក់លាន ។
ចំណែកឯមួយគូរទៀតរវាង លន បញ្ញា និងយ៉េន ឌីណា ក៏ទទួលការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ព្រោះពួកគេទាំងពីរសុទ្ធតែជាអ្នកប្រដាល់ជើងខ្លាំងមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំមកហើយ ។ម្យ៉ាងវិញទៀត លន បញ្ញា ទើបតែដណ្ដើមបានតំណែងជាម្ចាស់ខ្សែក្រវាត់កម្ពុជា សង្វៀនគុនខ្មែរកាលពីពេលថ្មីៗថែមទៀត ។ប៉ុន្តែកុំភ្លេចថា យ៉េន ឌីណា គ្មានអ្នកណាផ្ដួលគេបានដោយងាយនោះដែរ ។